Sunday, November 27, 2016

កម្មតែងចែកសត្វទាំងឡាយ ឪ្យមានភាពទន់ទាប និង ខ្ពស់ខ្ពស់

កម្មំ  សត្ដេ  វិភជតិ  យទិទំ  ហីនប្បណីតតាយ
កម្មតែងចែកសត្វទាំងឡាយ ឪ្យមានភាពទន់ទាប និង ខ្ពស់ខ្ពស់

នរណាចាត់ចែងសត្វលោក

មនុស្សក្នុងលោក ​​​​​​​​         មានច្រើនគរគោក      តែមិនដូចគ្នា
ខ្លះរូបអាក្រក់                ខ្លះល្អសោភា                ខ្លះមានរោគា
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                                      ខ្លះសុខសប្បាយ ។
ខ្លះក្រទ្រព្យធន             ខ្លះមានពេកពន់           ប្រាក់មិនខ្វះចាយ
ចំណីចំណុក                ទាំងយប់ទាំងថ្ងៃ          ឯងរកតែបាយ
                                      ស៊ីឆ្អែតមិនបាន ។
គេសក្ដិធំខ្ពស់                ឯងសោតអប្បយស    ថោកដូចតិរច្ចាន
ត្រកូលក៏ទាប               គេមិនរាប់អាន             ឯគេថ្កើនថ្កាន
                                     ត្រកូលគេខ្ពស់ ។
ហេតុមកពីអ្វី                 នរណាលកលៃ            បែងចែកមនុស្ស
ឪ្យល្អអាក្រក់                 ឪ្យមានទាបខ្ពស់           មានយសអប្បយស
                                      ខុសគ្នាយ៉ាងនេះ ។
សុភមាណព                 ទាំងថ្ងៃទាំងយប់           គន់គិតត្រិះរិះ
រាវរកចម្លើយ                 បញ្ហាអស់នេះ              ប្រឹងអស់ចំណេះ
                                      រកមិនឃើញសោះ ។
ទើបគាត់ចូលទៅ          កាន់ទីគង់នៅ               ព្រះពុទ្ធទ្រង់់យស
ជាវត្ដអារាម                  ជេតពនឈ្មោះ             ល្បីល្បាយពីរោះ
                                      សុះសព្វទិសា ។
ក្រាបបង្គំទូល               ព្រះពុទ្ធកំពូល               ក្នុងត្រៃលោកា
សូមទានព្រះអង្គ           ទ្រង់ព្រះមេត្ដា             ដោះអាថ៍ប្រស្នា
                                       ដែលមានជាក់ស្ដែង។
ដោយសារហេតុអ្វី          ខ្លះអាយុខ្លី                    ខ្លះអាយុវែង
អ្នកខ្លះរោគតិច             ខ្លះច្រើនក្រៃលែង          មិនដូចគេឯង
                                     រាល់គ្នាឡើយណា ។
អ្នកខ្លះរូបល្អ                 សម្បុរគេ ស                   គួរឪ្យស្នេហា
ខ្លះរូបអាក្រក់                 មិនគួរប្រាថ្នា                  ជួននឹងនរណា
                                      គេមិនចង់ជិត ។
ខ្លះយសសក្ដិធំ              អ្នកផងនិយម              ទាក់ទងជិតស្និទ្ធ
អ្នកខ្លះសក្ដិតូច              គ្មានគេនែបនិត្យ          និងរកញាតិមិត្រ
                                       ជួយផងក៏ក្រ ។
ខ្លះមានទ្រព្យច្រើន          ចេះតែកបកើន           សុទ្ធតែល្អៗ
អ្នកខ្លះទីទ័ល                 ខ្វះទាំងអង្ករ                 ហូបតែបបរ
                                       ព្រោះអត់ប្រាក់ចាយ ។
ខ្លះត្រកូលខ្ពស់             កេរ្ដិ៍ក៍ពីរោះ                ឮល្បីខ្ចរខ្ចាយ
ខ្លះត្រកូលទាប             គួរឪ្យជិនណាយ         គេគេចជៀសឆ្ងាយ
                                       មិនចង់ទាក់ទង ។
(មិនបានចង់ទេនៅ ពាក់កណ្ដាលទៀត)